វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 868 នាក់
ម្សិលមិញ 2434 នាក់
សរុប 16230094 នាក់
ភ្នំពេញ៖ សរុបរយៈពេល ៩ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារប្រមូលបានជាក់ស្ដែងតាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ មានចំនួនប្រមាណជា ២៨០៦,៣៧លានដុល្លារ គឺបានស្មើនឹង ៧៨,៥៧% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣។ តែបើគិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នេះ គឺសម្រេចបានប្រមាណជា ៣០៦០,៩៥លានដុល្លារ ស្មើនឹង ៨៥,៧០% នៃផែនការប្រចាំឆ្នាំ ២០២៣។
នេះជាការលើកឡើងរបស់លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តរបស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ នាសាលប្រជុំសាលាជាតិពន្ធដារ ក្រោមវត្តមាន របស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ កម្ពុជាបាន និងកំពុងអនុវត្តកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា (DTA) ជាមួយរដ្ឋបាលសារពើពន្ធចំនួន ៩ រួមមាន ថៃ, សិង្ហបុរី, ព្រុយណេ, ចិន, វៀតណាម, តំបន់រដ្ឋបាល ពិសេសហុងកុង, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី និងកូរ៉េខាងត្បូង ខណៈ DTA កម្ពុជា-ម៉ាកាវ ដែលបានចូលជាធរមាន និងមានប្រសិទ្ធភាពអនុវត្ត ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ ហើយ DTA កម្ពុជា-តួកគី បានបញ្ចប់នីតិវិធីផ្ទៃក្នុង ដើម្បីដាក់ឱ្យកិច្ចព្រមព្រៀងទាំងពីរចូលជាធរមាន។ សម្រាប់រយៈពេល៩ខែ ឆ្នាំ២០២៣ មានសហគ្រាសចំនួន ៣៤៧ បានស្នើសុំនិងទទួលបានអត្ថប្រយោជន៍ ពីការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា។
ក្រៅពីជម្រុញឲ្យមានការពង្រឹង និងធ្វើឱ្យប្រសើរឡើងនូវការផ្ដល់សេវាអ្នកជាប់ពន្ធ ការដាក់ចេញនូវអាទិភាពការងារនិងដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិស័យឯកជន ក៏ដូចជា សាធារណជនទូទៅ ការលើកកម្ពស់ការយល់ដឹងនិងការអប់រំអំពីពន្ធដារ ការពង្រឹងការបំពេញការងារដោយផ្អែកលើនិយាមនីតិវិធីប្រតិបត្តិការងារ (SOP) លើគ្រប់ប្រភេទការងារនិងប្រភេទពន្ធ ព្រមទាំងដាក់ចេញនូវអនុសាសន៍គន្លឹះមួយចំនួនទៀត សម្រាប់ការងារកែទម្រង់ជាលក្ខណៈប្រព័ន្ធលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគាំទ្រលើការដាក់ចេញនូវចក្ខុវិស័យនៃការធ្វើបរិវត្តកម្មឌីជីថលរដ្ឋបាលសារពើពន្ធ (Tax Digital Transformation) ដើម្បីកែប្រែអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ទៅជារដ្ឋបាលសារពើពន្ធជំនាន់ ៣.០ (Tax Administration 3.0) ស្របទៅតាមបរិការណ៍វិវត្តនៃរដ្ឋបាលសារពើពន្ធក្នុងសកលលោក។
ក្រៅពីការប្រមូលពន្ធ បើតាមក្រសួងពាណិជ្ជកម្មវិញបានឲ្យដឹងថា៖រយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់បណ្ដាប្រទេសសមាជិក RCEP (Regional Comprehensive Economic Partnership) បានទឹកប្រាក់ ៥ ៨១៣លានដុល្លារ កើនឡើង២៣%។ចំណែកបណ្តាប្រទេសសមាជិក RCEP នាំចូលមកកាន់កម្ពុជាវិញមានទឹកប្រាក់ ១៦ ០០០លានដុល្លារ ថយចុះចំនួន១៧% ។បើប្រៀបធៀបកម្ពុជានៅតែមានឱនភាពនៃជញ្ជីងពាណិជ្ជកម្មបើប្រៀបធៀបការនាំចេញនាំចូល។ជាងនេះទៀតទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយ RCEP ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ មានទឹកប្រាក់ចំនួន ២១ ៨១៣លានដុល្លារ ថយចុះ៩ភាគរយ។
កិច្ចព្រមព្រៀងពាណិជ្ចកម្មសេរីតំបន់( RCEP )បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១ ដោយនឹងក្លាយជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញកំណើនពាណិជ្ជកម្ម ទំនិញ សេវាកម្ម និងវិនិយោគ កាន់តែធំជាងមុន ជាពិសេសផ្តល់ទីផ្សារបន្ថែមលើមុខទំនិញថ្មី ចំនួនរាប់រយមុខបន្ថែមទៀត សម្រាប់ការនាំចេញពីកម្ពុជា។RCEP មានការចូលរួមប្រទេសចំនួន១៥ រួមមាន៖ ប្រទេសជាសមាជិកអាស៊ានទាំង១០ និងដៃគូពាណិជ្ជកម្មសេរី ចំនួន៥ទៀត មានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និងណូវែលហ្សេឡង់ដែលសរុបមានប្រជាជនប្រមាណ ២ ២០០លាននាក់ ឬ ៣០ភាគរយ នៃប្រជាជនពិភពលោក និង មានទំហំពាណិជ្ជកម្ម ២៨ភាគរយនៃទំហំពាណិជ្ជកម្មពិភពលោក។
ទោះបីកម្ពុជាមានឱនភាពជ្្ជីងពាណិជ្ចកម្មក្តីតែសម្រាប់កំណើនសេដ្ឋកិច្ចអង្គការ មូលនិធិរូបីយវត្ថុអន្តរជាតិ (IMF) បានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាបន្តងើបឡើង ក្នុងអត្រា ៥,៣% ខ្ពស់ជាងឆ្នាំ២០២២ជាមួយនឹងអត្រាអតិផរណាបន្តមានកម្រិតទាបប្រមាណ ២,៣% ហើយប្រព័ន្ធធនាគារបន្តមានស្ថិរភាពជាមួយកំណើនឥណទានទាបជាងឆ្នាំមុន។ការវាយតម្លៃរបស់លោក Davide Furceri ប្រធានបេសកកម្មសម្រាប់កម្ពុជា នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ក្រោយពីបានបំពេញបេសកកម្មពិគ្រោះយោបល់មាត្រាទី IV (Article IV Consultation) ប្រចាំឆ្នាំ២០២៣ នៅកម្ពុជា ចាប់ពីថ្ងៃទី១៨-៣១ ខែតុលា ឆ្នាំ២០២៣ពេលជួបជាមួយលោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ។
ក្រុមបេសកកម្មបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជាបន្តងើបឡើង ក្នុងអត្រា ៥,៣% ខ្ពស់ជាងឆ្នាំ២០២២ជាមួយនឹងអត្រាអតិផរណាបន្តមានកម្រិតទាបប្រមាណ ២,៣% ហើយប្រព័ន្ធធនាគារបន្តមានស្ថិរភាពជាមួយកំណើនឥណទានទាបជាងឆ្នាំមុន។ ចំណែកឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើន ៦ភាគរយ។សម្រាប់ ការព្យាករណ៍របស់ IMF នាពេលនេះ សម្រាប់សេដ្ឋកិច្ចកម្ពុជា គឺមានម្រិតទាបជាង ការព្យាករណ៍របស់ខ្លួន កាលពីខែមេសា ដែលថា នឹងមានកំណើន ៥,៨ភាគរយ ក្នុងឆ្នាំ ២០២៣ និង ៦,២ភាគរយ ក្នុង ឆ្នាំ ២០២៤។