វីដេអូ
តាមដានសង្គម
ចំនួនអ្នកទស្សនា
ថ្ងៃនេះ 3981 នាក់
ម្សិលមិញ 4575 នាក់
សរុប 15894637 នាក់
ភ្នំពេញ៖ កម្ពុជា-ជប៉ុនបានចុះហត្ថលេខាលើគម្រោងផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សប្រមាណ ២,៧លានដុល្លារអាមេរិក និងឥណទានសម្បទានធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ប្រមាណ ៥៩,៦លានដុល្លារអាមេរិក។លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រី កាមីការ៉ាយុកុ (KAMIKAWAYOKO) រដ្ឋមន្ត្រីការបរទេសជប៉ុនធ្វើជាអធិបតីពិធីចុះហត្ថលេខាលើលិខិតប្តូរសារ នារសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។
លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភាបានថ្លែងអរគុណយ៉ាងជ្រាលជ្រៅ ដែលជប៉ុនបានចុះហត្ថលេខាលើសម្រាប់គម្រោងចំនួនពីរ រួមមាន ទី១. ផ្តល់ហិរញ្ញប្បទានឥតសំណងសម្រាប់គ្រប់គ្រងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សប្រមាណ ២,៧លានដុល្លារអាមេរិក និងទី២ .ឥណទានសប្បទានសម្រាប់គម្រោងធ្វើឲ្យប្រសើរឡើងនូវកំណាត់ផ្លូវជាតិលេខ៥ ចាប់ពីខេត្តបាត់ដំបង ដល់ខេត្តបន្ទាយមានជ័យ ប្រមាណ ៥៩,៦លានដុល្លារអាមេរិក។លោកឧបនាយករដ្ឋមន្ត្រី បានបន្តថា ប្រទេសជប៉ុនមិនគ្រាន់តែបានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការកសាងសន្តិភាពនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់ជំនួយសម្រាប់ការស្តារអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមកម្ពុជាថែមទៀតផង។ កម្ពុជាសូមអរគុណមិត្តជប៉ុនផងដែរ ចំពោះការរៀបចំអភិក្រមថ្មី សម្រាប់កិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយផ្តោតទៅលើចំណុចសំខាន់ចំនួន៣ ដូចជា ទី១.ការរៀបចំហេដ្ឋារចនាសម្ព័ន្ធសង្គម, ទឹកស្អាត, ប្រព័ន្ធចំរោះទឹកកង្វាក់, ឌីជីថល និងសន្តិសុខសាយប៊រ Cyber ផងដែរ។
លោកស្រី កាមីការ៉ាយុកុ រដ្ឋមន្ត្រីការបរទេសជប៉ុន បានលើកឡើងថា ភាពរីកចម្រើននៃទំនាក់ទំនងជប៉ុន-កម្ពុជា ដែលប្រកបដោយភាពជឿទុកចិត្តគ្នាទៅវិញទៅមក ចាប់តាំងពីដំណើរការស្វែងរកសន្តិភាព និងការចូលរួមចំណែកអភិវឌ្ឍកម្ពុជារហូតដល់ពេលបច្ចុប្បន្ន។ ដោយឡែក សម្រាប់អនាគតវិញ រាជរដ្ឋាភិបាលជប៉ុននឹងបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
ជប៉ុនបន្តកិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់លំហសមុទ្រ តាមរយៈការចូលរួមរៀបចំ និងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ សំដៅប្រែក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកតំបន់ ព្រមទាំងកិច្ចសហប្រតិបត្តិការលើសន្តិសុខលំហសមុទ្រ ដូច្នេះមិត្តជប៉ុននឹងផ្តល់នាវាល្បាតដល់កម្ពុជា តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ក៏ដូចជា នគរបាលជើងទឹកកម្ពុជា និងឆ្មាំសមុទ្រជប៉ុន លើការបណ្ដុះបណ្ដាលធនធានមនុស្ស និងការហ្វឹកហ្វឺនរួមគ្នា និងការបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីន ដោយលោកជំទាវរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រកម្ពុជា ក្នុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនៃអនុសញ្ញា ស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
ដោយឡែកនៅព្រឹកថ្ងៃសៅរ៍ ទី៦ កក្កដា ២០២៤ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ KAMIKAWA Yoko រដ្ឋមន្ត្រីការបរទេសជប៉ុនបានពិភាក្សាគ្នាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការទាក់ទាញវិនិយោគពីប្រទេសជប៉ុន។ សម្តេចធិបតី បានសម្តែងនូវការស្វាគមន៍ចំពោះលោកជំទាវ KAMIKAWA Yoko និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងតែបានចូលរួមគាំទ្រដល់កិច្ចអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។
សម្តេចធិបតី ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ដែលជាទំនាក់ទំនងស្ថិតក្នុងកម្រិតល្អប្រសើរបំផុតក្នុងប្រវត្តិនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ ២០២៣ ព្រមទាំងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំបន្ថែមទៀត។
សម្ដេចធិបតី និងលោកជំទាវរដ្ឋមន្ត្រី ក៏បានពិភាក្សាគ្នាក្នុងការបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី តាមអភិក្រមថ្មី លើវិស័យជាច្រើន រួមមាន៖ (១) ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធសង្គម តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យទឹកស្អាត និងប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់, ការជំរុញការអភិវឌ្ឍលើវិស័យឌីជីថល និងសន្តិសុខសាយប៊័រ (២) កិច្ចសហប្រតិបត្តិការក្នុងការតភ្ជាប់លំហសមុទ្រ តាមរយៈការចូលរួមរៀបចំ និងអភិវឌ្ឍកំពង់ផែស្វយ័តក្រុងព្រះសីហនុ សំដៅប្រែក្លាយជាមជ្ឈមណ្ឌលឡូជីស្ទីកតំបន់ ព្រមទាំងកិច្ចសហប្រតិបត្តិការ លើសន្តិសុខលំហសមុទ្រ តាមរយៈការជំរុញកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ ក៏ដូចជានគរបាលជើងទឹកកម្ពុជា និងឆ្មាំសមុទ្រជប៉ុន លើការបណ្ដុះបណ្ដាលធនធានមនុស្ស និងការហ្វឹកហ្វឺនរួមគ្នា និង (៣) ការបន្តជំរុញនូវការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីន ដោយលោកជំទាវរដ្ឋមន្ត្រី បានបង្ហាញការគាំទ្រកម្ពុជាក្នុងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំ នៃអនុសញ្ញាស្តីពីការហាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅខែវិច្ឆិកា ឆ្នាំ២០២៤។
សម្ដេចធិបតី ក៏បានគូសបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចក្នុងការរៀបចំកិច្ចប្រជុំ នៃអនុសញ្ញាអូតាវ៉ានេះ និងបានថ្លែងអំណរគុណដល់ភាគីជប៉ុន ដែលបានចូលរួមចំណែក និងគាំទ្រដល់កិច្ចដំណើរការនៃការរៀបចំ។សម្ដេចធិបតី និងលោកជំទាវរដ្ឋមន្ត្រី ក៏បានស្វាគមន៍ និងអបអរសាទរចំពោះការដំឡើងកម្រិត នៃកិច្ចសន្ទនារវាងវិស័យការពារជាតិ និងវិស័យការបរទេស និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដល់កម្រិតនៃថ្នាក់អនុរដ្ឋមន្ត្រីនៃប្រទេសទាំងពីរផងដែរ។ ដោយឡែកក្នុងជំនួបជាមួយសម្តេចតេជោហ៊ុនសែនលោកស្រីរដ្ឋមន្ត្រិការបរទេសជប៉ុនក៏ទទួលបានលការសន្យាពីសម្តេចថាកម្ពុជានឹងចូលរួមសន្នីសីទ្ធបញ្ហាមីននៅប្រទេសអ៊ុយក្រែននាពេលខាងមុខក្នុងនាមមនុស្សធម៍ផងដែរ៕